Connect with us

ព័ត៌មានថ្មីៗ

អាជ្ញាធរភ្នំពេញនឹងសូត្រមន្តបង្សុកូលឧទ្ទិសកុសលអ្នកស្លា.ប់លើអតីតស្ពានកោះពេជ្រគម្រប់ខួប១០ឆ្នាំ

រាជធានីភ្នំពេញ ៖ ទោះបីរាជធានីភ្នំពេញមានស្ថានភាពលំបាកផ្ទួនៗគ្នា ដូចជាបញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀង និងស្ថានភាពកូវីដ១៩ ដែលត្រូវលុបចោលកម្មវិធីមួយចំនួនក្តី ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ មិនបានភ្លេច និងបោះបង់ចោលនូវកម្មវិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតគម្រប់ខួប១០ឆ្នាំ (២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០២០) ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានពេជ្រ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា ២០១០ ឬថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូកឡើយ ដែលកម្មវិធីនេះនៅតែធ្វើ គឺអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរខណ្ឌចំការមនជាអ្នករៀបចំធ្វើតាមប្រពៃណីព្រះពុទ្ធសាសនានៅថ្ងៃទី២២ ខែវិច្ឆិកានេះ ។ នេះបើតាមការអះអាងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ។

លោក ម៉េត មាស ភក្តីបានបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអភិបាលខណ្ឌចំការមន លោក ថេង សុថុល រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រនៃទីក្រុងកោះពេជ្រ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ។

ពិធីរំលឹកវិញ្ញាណក្ខន្ធនេះ ធ្វើនៅខាងមុខស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះស្ថិតនៅជាប់ស្ពាននាគនៃតំបន់កោះពេជ្រ ជាទីដែលជនរងគ្រោះបានបាត់បង់ជីវិតកាលពី១០ឆ្នាំមុន ដែលមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី,សាច់ញាតិក្រុមគ្រួសារបស់ជនរងគ្រោះ និងប្រជាពលរដ្ឋទៀតផងដែរ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងនៅលើស្ពានកោះពេជ្រ បណ្តាលឲ្យមនុស្សស្លាប់៣៥៣នាក់ និងរងរបួសជាង៤០០នាក់ផងដែរ ៕